វាពិតជាសំខាន់ណាស់ក្នុងការបែងចែកការចម្លងរោគនៅក្នុងសហគមន៍ពីការចម្លងរោគតាមរយៈការថែទាំសុខភាពដោយសារមានភាពខុសគ្នាក្នុងបង្ការនិងព្យាបាល ដើម្បីកាត់បន្ថយបន្ទុកនៃភាពស៊ាំនឹងឱសថប្រឆាំងមេរោគ(AMR)។ វាក៏សំខាន់ណាស់ដែរក្នុងការសម្រេចចិត្ដឱ្យម៉ត់ចត់ក្នុងការបែងចែកធនធានសម្រាប់ការអនុវត្ដ និងតាមដានត្រួតពិនិត្យពីប្រសិទ្ធភាពនៃការអនុវត្ដនេះនៅក្នុងសហគមន៍ និងសេវាថែទាំសុខភាពឱ្យបានដាច់ដោយឡែកពី គ្នា។
ជាឧទាហរណ៍ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត និងមិនត្រឹមត្រូវនៅក្នុងសហគមន៍កំពុងតែបង្កឱ្យមានការចម្លងរោគដែលស៊ាំនឹងឱសថប្រឆាំងមេរោគដែលមានប្រភពនៅសហគមន៍កើនឡើងច្រើនជាង ការចម្លងរោគដែលស៊ាំនឹងឱសថប្រឆាំងមេរោគនៅក្នុងសេវាថែទាំសុខភាព។ នៅពេលមនុស្សបានប៉ះពាល់នឹងបរិស្ថានដែលជាប្រភពនៃឱសថប្រឆាំងមេរោគនៅក្នុងសហគមន៍ ពួកគេអាចប្រឈមខ្ពស់នឹងការចម្លងរោគដែលមានប្រភពនៅក្នុងសហគមន៍ដែលបង្កដោយមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគទាំងនោះ។ ឧទាហរណ៍ មនុស្សមិនបានលាងសម្អាតដៃពួកគេ ឱសថប្រឆាំងមេរោគនៅក្នុងទឹកស្អុយមានកម្រិតខ្ពស់ និងការគ្រប់គ្រងទឹកកខ្វក់នៅមានកម្រិតទាប។
ដូចគ្នាដែរ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត និងមិនត្រឹមត្រូវនៅក្នុងសេវាថែទាំសុខភាពក៏កំពុងតែបង្កឱ្យមានការបង្ករោគដែលស៊ាំនឹងឱសថប្រឆាំងមេរោគដែលមានប្រភពនៅក្នុងសេវាថែទាំសុខភាពកើនឡើងច្រើនជាង ការចម្លងរោគដែលស៊ាំនឹងឱសថប្រឆាំងមេរោគនៅក្នុងសហគមន៍ផងដែរ។ នៅពេលមនុស្សបានប៉ះពាល់នឹងបរិស្ថានដែលជាប្រភពនៃឱសថប្រឆាំងមេរោគ ឬបាក់តេរីស៊ាំនឹងឱសថប្រឆាំងមេរោគនៅក្នុងសេវាថែទាំសុខភាព ពួកគេអាចប្រឈមខ្ពស់នឹងការចម្លងរោគដោយមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគដែលមានប្រភពនៅក្នុងសេវាថែទាំសុខភាព។ ឧទាហរណ៍ មនុស្សគ្រប់គ្នារួមទាំងបុគ្គលិកសុខាភិបាល អ្នកជំងឺ និងសាច់ញាតិ ដែលមិនបានលាងសំអាតដៃរបស់ពួកគេបានត្រឹមត្រូវ ឬញឹកញាប់នៅក្នុងសេវាថែទាំសុខភាព។
ដើម្បីកាត់បន្ថយការចម្លងរោគដែលបង្កដោយមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគដែលមានប្រភពនៅក្នុងសហគមន៍ គឺត្រូវមានការបង្ការ ការការពារ និងការអនុវត្ដការជ្រើសរើសឱសថអង់ទីប៊ីយោទិកអោយបានត្រឹមត្រូវដល់សហគមន៍ ឬប្រជាពលរដ្ឋទូទៅ។ ម្យ៉ាងទៀត ដើម្បីកាត់បន្ថយបន្ទុកនៃការចម្លងរោគដោយមេរោគស៊ាំនឹងឱសថប្រឆាំងមេរោគមានប្រភពនៅក្នុងសេវាថែទាំសុខភាព គឺតម្រូវឱ្យមានការបង្ការ ការការពារ និងការអនុវត្ដការជ្រើសរើសឱសថអង់ទីប៊ីយោទិកបានត្រឹមត្រូវ គួរតែផ្ដោតសំខាន់ទៅលើបុគ្គលិកសុខាភិបាល អ្នកជំងឺ សាច់ញាតិពួកគេ និងបរិស្ថាននៅក្នុងសេវាថែទាំសុខភាពទាំងអស់នោះ។
វេជ្ជបណ្ឌិតអាចកំណត់ថា តើអ្នកមានការចម្លងរោគនៅក្នុងសហគមន៍ ឬតាមរយៈសេវាថែទាំសុខភាពដោយការសាកសួរពីប្រវត្ដិរបស់អ្នកជំងឺដោយយកចិត្ដទុកដាក់ និងការវាយតម្លៃលើបុគ្គលនោះផ្ទាល់។ ផ្ទុយទៅវិញ ដើម្បីភាពងាយស្រួល គួរតែអនុវត្ដតាមគោលការណ៍របស់សេវាថែទាំនីមួយៗ។ ឧទាហរណ៍ ប្រសិនបើអតិសុខុមកាយត្រូវបានរកឃើញក្នុងវត្ថុវិភាគ (ដូចជាឈាម និងទឹកនោម) ដែលបានយកមកពីអ្នកជំងឺនៅឯបន្ទប់ពិគ្រោះជំងឺក្រៅ ឬអ្នកជំងឺសម្រាកៅ ក្នុងមន្ទីរពេទ្យ ឬសេវាថែទាំសុខភាពក្នុងអំឡុងពេល ២ថ្ងៃ ការចម្លងរោគនេះអាចកំណត់ថា ជាការចម្លងរោគនៅក្នុងសហគមន៍។