ដែលផ្តល់ចំណីសត្វមានផ្ទុកសារធាតុឱសថអង់ទីប៊ីយោទិក
  
Translated

(គុណនាម) ដែលពណ៌នាអំពីសត្វ ឬសាច់សត្វ រាល់ពេលដែលត្រូវបានគេផ្តល់ឱសថអង់ទីប៊ីយោទិក តាមរយៈអាហារ ឬទឹក ក្នុងដំណាក់កាលជីវិតរបស់វា។ ពាក្យនេះត្រូវបានប្រើញឹកញាប់បំផុតដើម្បីពណ៌នាអំពីការប្រើទៀងទាត់នៃឱសថអង់ទីប៊ីយោទិក ចំពោះសត្វដែលមានសុខភាពល្អ ក្នុងគោលបំណងណាមួយ។

 

“លាមកដែលចេញពីសត្វស៊ីចំណីមានផ្ទុកឱសថអង់ទីប៊ីយោទិក  អាចនឹងមានផ្ទុកសារធាតុឱសថអង់ទីប៊ីយោទិក  និងបាក់តេរីដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិក។”

 

“ធម្មតាសាច់វេចខ្ចប់ជាច្រើនដែលយើងបរិភោគ ជាសត្វដែលស៊ីចំណីមានផ្ទុកសារធាតុឱសថអង់ទីប៊ីយោទិក។ ឱសថអង់ទីប៊ីយោទិក ត្រូវបានលាយក្នុងការផលិតចំណី ដើម្បីឱ្យសត្វលូតលាស់លឿន ឆាប់ធំ និងការពារការបង្ករោគផ្សេងៗ។” [១]

 

Learning point

តើយើងគួរតែព្រួយបារម្ភចំពោះការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក ក្នុងការចិញ្ចឹមសត្វដែរឬទេ?

 

ជារៀងរាល់ថ្ងៃ នៅទូទាំងពិភពលោក ឱសថអង់ទីប៊ីយោទិកផ្តល់ឱ្យសត្វជាច្រើនដូចជា គោ ក្របី មាន់ ជ្រូក ត្រី និងបង្គា។ [២] កសិករប្រើឱសថអង់ទីប៊ីយោទិកសម្រាប់ពន្លឿនការលូតលាស់ ការបង្ការការបង្ករោគ ឬការព្យាបាល។ ការប្រើឱសថអង់ទីប៊ីយោទិក ដើម្បីពន្លឿនការលូតលាស់ ត្រូវបានហាមឃាត់នៅទូទាំងពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ បរិមាណឱសថអង់ទីប៊ីយោទិក ដែលត្រូវបានប្រើលើសត្វសរុប មិនត្រូវបានគេដឹងឡើយ ហើយប្រហែលជាមានការកើនឡើង ដោយសារតម្រូវការអាហារមានប្រភពពីសត្វក៏កើនឡើងផងដែរ។

 

គេបានប៉ាន់ប្រមាណថា ឱសថប្រឆាំងមេរោគប្រហែល ២០០ ០០០ ទៅ ២៥០ ០០០តោន កំពុងត្រូវបានផលិត និងប្រើប្រាស់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។[២] ប្រមាណជា៧០%នៃឱសថប្រឆាំងមេរោគត្រូវបានប្រើប្រាស់លើសត្វ និង៣០%ទៀតលើមនុស្ស។ ឱសថអង់ទីប៊ីយោទិកដែលបានប្រើប្រាស់ដោយមនុស្ស និងសត្វភាគច្រើនត្រូវបានបញ្ចេញចោលតាមរយៈ ទឹកនោម និងលាមក ហើយហូរចូលទៅក្នុងប្រព័ន្ធលូទឹកស្អុយ និងបំពុលដល់បរិស្ថាន។ ក្រោយការប៉ះពាល់នឹងសារធាតុឱសថអង់ទីប៊ីយោទិក  បាក់តេរីដែលរស់នៅក្នុងខ្លួនមនុស្ស និងសត្វ អាចវិវត្តទៅជាស៊ាំនឹងឱសថអង់ទីប៊ីយោទិកផងដែរ ហើយបាក់តេរីទាំងនោះអាចចម្លងទៅដល់មនុស្សដទៃទៀត បរិស្ថាន និងបង្ក ឱ្យមានការឆ្លងរោគ និងស្លាប់ (រូបភាពទី១)។

 

រូបភាពទី១៖ ការស៊ាំនឹងឱសថអង់ទីប៊ីយោទិក៖ ពីកសិដ្ឋានទៅកាន់តុអាហារ។ [៤]   

 

វាត្រឹមត្រូវណាស់ក្នុងការកត់សំគាល់ថា មានសុវត្ថិភាព ក្នុងការបរិភោគសាច់សត្វដែលស៊ីចំណីមានផ្ទុកសារធាតុ       ឱសថអង់ទីប៊ីយោទិក  ដែលត្រូវបានចិញ្ចឹមក្នុងកសិដ្ឋានដែលមានស្តង់ដាល្អត្រឹមត្រូវ។ នេះដោយសារតែសត្វដែលមកពីកសិដ្ឋានទាំងអស់នោះមិនត្រូវបានផ្តល់ចំណីមានផ្ទុកសារធាតុឱសថអង់ទីប៊ីយោទិក ក្នុងអំឡុងពេល១០ទៅ២០ថ្ងៃចុះក្រោយនៃជិវិត ដើម្បីឱ្យប្រាកដថាគ្មានសារធាតុឱសថអង់ទីប៊ីយោទិកនៅសេសសល់ក្នុងសាច់ទៀតទេ។ គួរបញ្ជាក់ផងដែរថា ការកែច្នៃសាច់ត្រូវតែស្អាត ដូច្នេះមិនមានបាក់តេរីនៅសល់លើសាច់នោះទេ។

 

លើសពីនេះទៀត ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក កាត់បន្ថយអត្រាការស្លាប់របស់សត្វពីជំងឺឆ្លង ក៏ដូចជាកាត់បន្ថយការរីករាលដាលនៃជំងឺទៅមនុស្ស និងសត្វដទៃទៀត។ សត្វដែលឆ្លងរោគដែលគ្មានចេញរោគសញ្ញាអាច       បណ្តាលឱ្យឆ្លងជំងឺដល់មនុស្សតាមរយៈអាហារ។  អង្គការសុខភាពពិភពលោកកំពុងតែណែនាំឱ្យកសិករ និងឧស្សាហកម្មចំណីអាហារឱ្យឈប់ប្រើឱសថអង់ទីប៊ីយោទិកជាប្រចាំ ដើម្បីពន្លឿនការលូតលាស់ និងបង្ការជំងឺលើសត្វដែលមានសុខភាពល្អ។ [៥] សត្វដែលមានសុខភាពល្អគួរតែទទួលបានឱសថអង់ទីប៊ីយោទិក ដើម្បីការពារការបង្ករោគ ប្រសិនបើសត្វណាមួយនៅក្នុងចំណោមសត្វដទៃទៀតនៅក្នុងក្រោល ហ្វូង ឬក្រុមសត្វដូចគ្នា ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានការបង្ករោគដោយបាក់តេរី។ ដូច្នេះការប្រើប្រាស់ឱសថអង់ទីប៊ីយោទិក ចំពោះការកែច្នៃអាហារពីសត្វនៅតែមានសារៈសំខាន់ក្នុងឧស្សាហកម្មចិញ្ចឹមសត្វ  និងការលុបបំបាត់ទាំងស្រុងអាចនឹងបណ្តាលឱ្យមានបញ្ហាជាច្រើន។

 

សរុបមក យើងគួរតែយកចិត្តទុកដាក់អំពីការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសត្វ ហើយយ៉ាងហោចណាស់យើងគួរតែកាត់បន្ថយការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើមនុស្ស និងសត្វឱ្យនៅសល់កម្រិតទាបបំផុត។ 

 

សេចក្ដីយោង

1 Arsenault, C. (2015, March 24). A huge spike in antibiotic-fed livestock is bringing the superbug epidemic even faster than feared. Retrieved from https://www.businessinsider.com/r-soaring-antibiotic-use-in-animals-fuels-super-bug-fears-2015-3

2 Food Print Organzation. (2019). Antibiotics in Our Food System. Retrieved from http://www.sustainabletable.org/257/antibiotics

3 O'Neill, J. (2015). Antimicrobials in Agriculture and The Environment: Reducing Unnecessary Use and Waste. The Review on Antimicrobial Resistance. Retrieved from https://ec.europa.eu/health/amr/sites/amr/files/amr_studies_2015_am-in-agri-and-env.pdf

4 CDC. (2013). Antibiotic Resistance [Picture]. In www.cdc.gov. Retrieved from https://www.cdc.gov/foodsafety/pdfs/ar-infographic-508c.pdf

5 WHO. (2017). Stop using antibiotics in healthy animals to preserve their effectiveness. Retrieved from https://www.who.int/news-room/detail/07-11-2017-stop-using-antibiotics-in-healthy-animals-to-prevent-the-spread-of-antibiotic-resistance

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ