ការចម្លងរោគ
  
Translated

(នាម)  ការលុកលុយពីពួកអតិសុខុមកាយដែលមានដូចជា៖ បាក់តេរី វីរុស ប៉ារ៉ាស៊ីត និងផ្សិតលើរាងកាយរបស់យើង។

 

“ជំងឺផ្ដាសាយធម្មតាគឺជាឧទាហរណ៍មួយនៃការចម្លងរោគដោយវីរុស។ អ្នកជំងឺអាចមានអាការៈ ឈឺក ក្អក កណ្ដាស់ និងក្ដៅខ្លួនក្នុងកម្រិតតិចតួច”។

 

“ការការពារការចម្លងរោគគឺជាតួនាទីរបស់មនុស្សគ្រប់គ្នា។ អ្នកជំងឺ និងក្រុមគ្រួសារពួកគេអាចរស់នៅប្រកបដោយសុខុមាលភាពនៅពេលដែលពួកគេកំពុងទទួលការថែរក្សាសុខភាព។”

 

ពាក្យស្រដៀង

ដែលបង្ករោគ

(គុណនាម)  ទាក់ទងនឹងការលុកលុយពីពួកអតិសុខុមកាយ។

Learning point

តើអ្នកអាចការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់ពីការចម្លងរោគដោយរបៀបណា?

 

ការចម្លងរោគកើតឡើងនៅពេលដែលបាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬផ្សិត អាចបង្កជាជំងឺនៅក្នុងរាងកាយរបស់អ្នក ហើយចាប់ផ្តើមបំបែកខ្លួនកាន់តែច្រើន។ យ៉ាងណាក៏ដោយ ការចម្លងរោគអាចការពារបាន ដោយការមិនទៅប៉ះពាល់ពួកវា ឬទទួលការចាក់វ៉ាក់សាំង។ វាកាន់តែមានប្រយោជន៍នៅពេលដែលមានការយល់ដឹងអំពីដំបូន្មានមួយចំនួន សម្រាប់ណែនាំអ្នកជំងឺ ឬមនុស្សទូទៅ ដើម្បីជៀសផុតពីការចម្លងរោគនៅក្នុងសហគមន៍។ [១]

 

#១ យល់ដឹងពីរបៀបនៃការចម្លងរោគ។

យើងដឹងយ៉ាងច្បាស់ថាអតិសុខុមកាយភាគច្រើនអាចចូលទៅក្នុងខ្លួនយើងតាមច្រកចូលនៃរាងកាយរួមមាន ច្រមុះ ត្រចៀក មាត់ រន្ធគូទ និងផ្លូវភេទ។ ពួកវាអាចចម្លងតាមរយៈស្បែកពួកយើង ដោយការទិចឬខាំដោយពពួកសត្វ       ផ្សេងៗ ឬសត្វល្អិត និងសូម្បីតែដៃទ្វារដែលយើងកាន់បិទបើកជាប្រចាំក៏ដោយ។ ពួកវាក៏អាចឆ្លងតាមខ្យល់ផងដែរ។ ដូច្នេះការការពារចម្លងរោគដ៏ល្អប្រសើរបំផុតគឺរារាំងអតិសុខុមកាយទាំងនោះកុំឱ្យចូលទៅក្នុងរាងកាយរបស់យើង។

 

#២   លាងសម្អាតដៃឱ្យបានញឹកញាប់។

នេះពិតជាមានសារៈសំខាន់បំផុតមុនពេលនិងបន្ទាប់ពីការរៀបចំអាហារ មុនពេលញ៉ាំ និងបន្ទាប់ពីចេញពីបន្ទប់ទឹក។

 

#៣ ការចាក់វ៉ាក់សាំង។

ការចាក់ថ្នាំបង្ការអាចកាត់បន្ថយបានយ៉ាងច្រើនពីឱកាសក្នុងការកើតជំងឺផ្សេងៗមកលើខ្លួនអ្នក។ អ្នកគួររក្សាការចាក់វ៉ាក់សាំងរបស់អ្នកឱ្យបានទៀងទាត់។

 

#៤ ចូរប្រើឱសថអង់ទីប៊ីយោទិក នៅពេលដែលត្រូវការចាំបាច់តែប៉ុណ្ណោះ។

អ្នកគួរប្រើប្រាស់ឱសថអង់ទីប៊ីយោទិកតែនៅពេលមានវេជ្ជបញ្ជាតែប៉ុណ្ណោះ។ អ្នកមិនត្រូវស្នើឱសថអង់ទីប៊ីយោទិកពីវេជ្ជបណ្ឌិតតាមតែចិត្តរបស់អ្នកទេ។[២] អ្នកគួរតែសួរវេជ្ជបណ្ឌិតថា “ហេតុអ្វីបានជាខ្ញុំត្រូវប្រើឱសថអង់ទីប៊ីយោទិក?” ដូច្នេះអ្នកនឹងបានដឹងច្បាស់ពីហេតុផល។[៣] អ្នកត្រូវប្រើឱសថអង់ទីប៊ីយោទិកឱ្យអស់តាមវេជ្ជបញ្ជា ទោះបីជាជំងឺរបស់អ្នកប្រសើរឡើងហើយក៏ដោយ លើកលែងតែមានការណែនាំផ្សេង ឬក៏អ្នកមានប្រតិកម្មជាមួយពួកវា។

 

#៥ អ្នកត្រូវសម្រាកនៅផ្ទះ ប្រសិនបើអ្នកមានរោគសញ្ញា ឬសញ្ញានៃការចម្លងរោគ។

អ្នកមិនត្រូវចេញទៅប្រកបការងារ ឬទៅសាលា ប្រសិនបើអ្នកក្អួត ក្អក រាករូស ឬគ្រុនក្តៅ។

 

#៦ ពាក់ម៉ាស់នៅពេលអ្នកឈឺ។ បើមិនអាចពាក់ម៉ាស់បានទេ អ្នកត្រូវខ្ទប់មាត់ពេលអ្នកក្អកម្ដងៗ។

ការក្អក ឬកណ្ដាស់នៅពេលដែលអ្នកឈឺ ទឹកមាត់ និងស្លេស្មរបស់អ្នកអាចខ្ចាយចូលទៅក្នុងខ្យល់ដែលពួកវាផ្ទុកទៅដោយមេរោគ ។ វីរុសទាំងនេះអាចចម្លងទៅមនុស្សជុំវិញអ្នក ហើយធ្វើឱ្យពួកគេឈឺផងដែរ។ ការពាក់ម៉ាស់ជាវិធីល្អបំផុតមួយដើម្បីការពារការឆ្លងរាលដាលនូវពពួកមេរោគទៅកន្លែងផ្សេងៗនៅពេលដែលអ្នកឈឺ។

 

នៅក្នុងប្រទេសជាច្រើន នៅពេលមានមនុស្សឈឺ ទម្លាប់នៃពាក់ម៉ាស់មិនទាន់បានអនុវត្ដត្រឹមត្រូវទេ។ ដោយការមិនទាន់មានទម្លាប់បែបនេះហើយ អ្នកអាចមានអារម្មណ៍ថាមិនស្រួលនៅពេលពាក់ម៉ាស់ទៅខាងក្រៅ។ ទោះជាយ៉ាងណា យើងនៅតែណែនាំឱ្យអ្នកពាក់ម៉ាស់នៅពេលអ្នកឈឺ។ បើអ្នកមិនអាចធ្វើបាន អ្នកត្រូវប្រើក្រដាសអនាម័យខ្ទប់មាត់ ច្រមុះ នៅពេលអ្នកកណ្ដាស់ ឬក្អកម្តងៗ ហើយត្រូវបោះចោលវាឱ្យត្រឹមត្រូវ។បើអត់មានក្រដាសអនាម័យ អ្នកត្រូវខ្ទប់មាត់ និងច្រមុះដោយបត់គន្លាក់ដើមដៃនៅពេលក្អក ឬកណ្តាស់ វាប្រសើរជាងការក្អក ឬកណ្ដាស់ដាក់បាតដៃរបស់អ្នក។

 

#៧ ត្រូវមានការឈ្លៀសវៃក្នុងការរៀបចំម្ហូបអាហារ

រក្សាកន្លែងទុកដាក់និងផ្ទះបាយឱ្យស្អាតជានិច្ច នៅពេលរៀបចំអាហារ។ លើសពីនេះ ត្រូវរួសរាន់ទុកដាក់អាហារដែលនៅសល់ក្នុងទូរទឹកកក។ កុំបណ្តោយឱ្យអាហារដែលសេសសល់ទុកនៅក្រៅទូរទឹកកកយូរពេក។

 

#៨ បរិភោគអាហារដែលចម្អិនបានល្អ និងទទួលទានទឹកស្អាត

ការបរិភោគអាហារឆៅ ឬបន្លែដែលលាងសម្អាតមិនបានល្អអាចកើនឡើងនូវការចម្លងរោគ និងជំងឺរាករូស។ នៅក្នុងប្រទេសជាច្រើន ទឹកដែលបង្ហូរពីទុយោនៅតែមានបាក់តេរីនៅឡើយ ជាការប្រសើរត្រូវដាំវាឱ្យពុះ មុនពេលយកវាមកទទួលទាន។

 

#៩ ជៀសឱ្យឆ្ងាយពីសត្វល្អិត

ទាំងមូសនិងចៃអាចផ្ទុកនូវវីរុស បាក់តេរី ប៉ារ៉ាស៊ីតជាច្រើន។ សូមប្រើសារធាតុការពារសត្វល្អិតក្នុងពេលអ្នកចេញទៅក្រៅ និងបង្ហូរទឹកដក់នៅជុំវិញផ្ទះរបស់អ្នក ដើម្បីទប់ស្កាត់សត្វមូសកុំឱ្យបន្តពូជ និងប្រើឧបករណ៍ចាប់ឬបណ្ដេញសត្វកណ្ដុរ និងកន្លាត។

 

#១០ ការបង្ការជំងឺកាមរោគ

ត្រូវមានការការពារនៅពេលរួមភេទ។ ប្រើស្រោមអនាម័យពេលរួមភេទ។ ធ្វើតេស្ដរកមេរោគហ៊ីវ (HIV) និងមេរោគផ្សេងៗដែលឆ្លងតាមការរួមភេទ (STDs) ហើយដៃគូរបស់អ្នកក៏ត្រូវធ្វើតេស្ដដូចគ្នា។

 

ឯកសារយោង៖

1 Mayo Clinic. (2017, March 08). Germs: Protect against bacteria, viruses and infection. Retrieved from https://www.mayoclinic.org/diseases-conditions/infectious-diseases/in-depth/germs/art-20045289

2 Knapton, S. (2015, August 18). 'Soft touch' doctors should be disciplined for over-prescribing antibiotics. Retrieved from https://www.telegraph.co.uk/news/science/science-news/11808015/Soft-touch-doctors-should-be-disciplined-for-over-prescribing-antibiotics.html

3 Laliberte, M. (n.d.). 12 Essential Questions to Ask Your Doctor Before Taking Antibiotics. Retrieved from https://www.rd.com/health/conditions/antibiotics-side-effects-questions/#card-1/

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ